វីដេអូព័ត៌មានសំខាន់ LIVE
▶
ការិយាល័យរដ្ឋាភិបាលប្រកាសផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មី សម្រាប់ឆ្នាំខាងមុខ

ព័ត៌មានថ្មីៗ

មើលទាំងអស់ »

នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា ព្រមទាំងកងទ័ពជើងអាកាស អញ្ជើញកាន់បិណ្ឌទី១ ​នៅវត្តទួលខ្សាច់

music · Sunday, September 27, 2026

 


(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេ​បញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី ព្រមទាំង​បុត្រា​បុត្រី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួម​ពិធី​កាន់បិណ្ឌទី១ នៅវត្តវាលុកថល្លារាម ហៅវត្តទួលខ្សាច់ ក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី១នេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះក​រ​ពី​សំណាក់នាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ពុទ្ធ​បរិស័ទចំណុះជើងវត្តមកពីគ្រប់ទិសទីបានអញ្ជើញមកកាន់ពីវត្តអារាមយ៉ាងច្រើនកុះករ។

នាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រី បានអញ្ជើញបំពេញកិច្ច​តាម​​ប្រពៃណីព្រះពុទ្ធសាសនា និងបានអញ្ជើញវេរប្រគេនទេយ្យវត្ថុ ទេយ្យ​ទាន បូជាបច្ច័យដល់ព្រះសង្ឃ ដើម្បីឧទ្ទិសផល្លាអានិសង្ឃជូនទៅដល់​ដួង​វិញ្ញាណក្ខន្ធវិរកងទ័ព បុព្វការីជន មាន : មាតាបិតា ជីដូនជីតា ញាតិការទាំង​៧​សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យមកទទួលយក​មគ្គផល​ក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាងនិងលោកស្រី អ៊ូ សិទ្ធិរី ព្រម​ទាំងនាយទាហាន និងពលទាហាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស​បាន​ចូលរួមឧបត្ថម្ភបច្ច័យមួយចំនួន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ​នានា​ស្ថិត​នៅក្នុងវត្តវាលុកថុល្លារាម និងប្រគេនបច្ច័យកាន់បិណ្ឌទី១ ចំនួន ៨ ០០០ ០០០រៀល ព្រមទាំងមានសម្ភារះគ្រឿងឧបភោគ បរិភោគ និងទេយ្យ​ទានមួយចំនួនធំទៀតជាថវិកាផ្ទាល់របស់លោកស្រី អ៊ូ​ សិទ្ធិរី។

នៅក្នុងពិធីកាន់បិណ្ឌទី១ នាយឧត្តមសេនីយ និងលោកស្រី រួមជាមួយ​នាយ​ទាហាន បានអញ្ជើញរាប់បាត្រ ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូន​វិញ្ញាណ​ក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន និង​ឧទ្ទិស​កុសលជូនដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ព ដែលបានបូជាសាច់ស្រស់ ឈាម​ស្រស់ នៅក្នុងបុព្វហេតុការពារអធិបតេយ្យបូរណភាពទឹកដី សូមមក​ទទួលនូវមនុញ្ញផល ផលបុណ្យ និងឆាប់បានទៅសោយសុខ​នៅក្នុងទី​ឋាន​សុគតិភព ។

ក្រៅពីពិធីកាន់បិណ្ឌទី១ នាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រី បានអញ្ជើញចុះសួរសុខទុក្ខព្រះចៅអធិការវត្តវាលុកថុល្លារាមដែលកំពុងអាពាធ និងសម្រាកព្យាបាលនៅក្នុងវត្តនោះ ព្រមទាំងប្រគេនបច្ច័យមួយចំនួន ដើម្បីជួយឧបត្ថម្ភការថែទាំព្យាបាលដល់ព្រះចៅអធិការដែលកំពុងអាពាធ៕